សមត្ថកិច្ចចំរុះរបស់អាជ្ញាធរឃុំឆ្នុកទ្រូដឹកនាំដោយមេឃុំ លោកសាំង គឹម ស៊នបង្ក្រាបបានត្រាក់ទ័រមួយគ្រឿងដែលកំពង់ធ្វើសកម្មភាពឈូសឆាយ ទន្ទ្រាន​​​ដីព្រៃលិចទឹកក្នុងតំបន់២និងតំបន់៣ ធ្វើកម្មសិទ្ធិ ជ្រកក្រោមលេសទិញពីប្រជាពលរដ្ឋ



កំពង់ឆ្នាំង៖ អាជ្ញាធរឃុំឆ្នុកទ្រូ ដឹកនាំ ដោយ លោកសាំង គឹម ស៊ន និងលោកឈឹម បាន នាយសង្កាត់រដ្ឋបាលជលផលឃុំឆ្នុកទ្រូ សហការជាមួយ​កម្លាំង​កងរាជអាវុធហត្ថស្នាក់ការB04និងកម្លាំងប្រជាការពារភូមិ .ឃុំ ឆ្នុកទ្រូ មានគ្នាសរុបចំនួន១២នាក់ មធ្យោបាយធ្វើដំណើរដោយម៉ូតូចំនួន៦គ្រឿង បានចុះល្បាតនិងត្រួត​​ពិនិត្យព្រៃលិចទឹកក្នុងតំបន់៣ បានទប់ស្កាត់ការឈូសឆាយទន្ត្រាន ដី​ព្រៃលិចទឹកជាច្រើនហិចតាដែលក្រុមឈ្មួញយកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួននៅចំណុចខាងកើតផ្លូវចូលវត្តយុគន្ធ ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ការចុះប្រតិបត្តិការបង្ក្រាបខាងលើនេះនៅល្ងាចថ្ងៃទី២២ខែសីហាឆ្នាំ២០១៩   ដោយមានបទបញ្ជាពីលោកងិន ហ៊ុនប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដោយផ្ទាល់សម្រេចបានលិទ្ធិផលល្អប្រសើរ។

ក្នុងការបង្ក្រាបនេះសមត្ថកិច្ច ចាប់ឃាត់បានត្រាក់ទ័រ១គ្រឿងដែលកំពង់ធ្វើសកម្មភាពឈូស​ឆាយដីព្រៃលិចទឹកក្នុងតំបន់៣ជាក់ស្ដែងនឹងភ្នែក រីឯជនប្រព្រឹតបទល្មើសបានដាក់មេប្រូចរត់ចូលក្នុងព្រៃបាត់ស្រម៉ោល។

លោកឈឹម បាន នាយសង្កាត់រដ្ឋបាលជលផលឃុំឆ្នុកទ្រូបាន ប្រាប់អង្គភាពសារព័ត៌មានយើងដឹងថា ដោយមានបញ្ជាពីលោកងិន ហ៊ុន និងលោក លី ឡាទើប លោកនិងលោកសាំង គឹមស៊នមេឃុំឆ្នុកទ្រូបានសហការជាមួយសមត្ថកិច្ចចម្រុះក្នុងឃុំឆ្នុកទ្រូឃាត់បានត្រាក់ទ័រ១គ្រឿង យកមកផ្ញើទុកនៅសាលាឃុំឆ្នុកទ្រូ១យប់កាលពីល្ងាចថ្ងៃទី២២មេសាលុះមកដល់នៅព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩នេះ វត្ថុតាង ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុក្ខនៅមន្ទីកសិកម្មខេត្តកំពង់ឆ្នាំង រង់ចាំធ្វើការស្រាវជ្រាវបន្ថែមដើម្បីវែកមុខរកជនខិតខូចឱ្យមកទទួលខុលត្រូវចំពោះមុខច្បាប់។

យោងតាមប្រភពផ្សេងៗគ្នាជាច្រើនកន្លែងទៀតបានឱ្យដឹងបន្ថែមថា ត្រាក់ទ័រ១គ្រឿងនោះ គេងសង្កេតឃើញចូលមកឈូសឆាយដីព្រៃលិចទឹកនៅចំណុចខាងលើជាង១០ថ្ងៃមកហើយ ដោយក្រុមឈ្មួញ លបលួចចូលមកឈូសឆាយដីព្រៃលិចទឹកបានដោយរលូនគ្មានការរំខានពីសមត្ថកិច្ចនិងអាជ្ញាធរនៅទីនោះឡើយដោយគេសង្ស័យមានមន្ត្រីនគបាលម្នាក់នៅក្នុង ឃុំត្រពាំងចាន់និងលោកអឹម យាន ជុំទប់ទី១ឃុំត្រពាំងចាន់ ជាអ្នកនៅពីក្រោយខ្នងចូលរួម ឃុបឃិតបើកភ្លើងខៀវឱ្យក្រុមជនល្មើសធ្វើអ្វីៗស្រេចតែអំពើចិត្ត មិនខ្លាចញញើតច្បាប់បែបនេះ។

ប្រភពដដែលបានបន្តថា នៅពេលសមត្ថកិច្ចកំពង់តែធ្វើការឃាត់ត្រាក់ទ័រនោះ គេសង្កេតឃើញ មន្ត្រីនគបាលម្នាក់ និងលោកអឹម យានចេញមករារាំងនិងជួយអន្តរាគមន៍ ឱ្យសមត្ថកិច្ចដោះលែង ដោយអះអាងថា ជាដីស្រែស្របច្បាប់របស់ប្រជាពលរដ្ឋធ្លាប់អាស្រ័យផលតាំងពីឆ្នាំ១៩៨០និងមានខ្លះធ្វើស្រែដល់អំឡុងឆ្នាំ១៩៩០ក៏មានដែរ ប៉ុន្តែបច្ចុប្បន្នដីនៅតំបន់នោះបានប្រែក្លាយជាព្រៃរនាមទៅហើយ នៅតែមន្ត្រីនគបាលនិងលោកអឹម យានជំទប់ទី១ឃុំត្រពាំងចាន់រូបនោះនៅតែអន្តរាគមន៍ឱ្យសមត្ថកិច្ចដោះលែងដោយអះអាងថា ជាដីស្របច្បាប់របស់ប្រជាពលរដ្ឋដដែលជាដដែល។

គួររំលឹកថា!! នៅក្នុងស្រុកបរិបូរណ៍ ការឈូសឆាយ ទន្រ្ទានដី​ព្រៃលិចទឹកតំបន់៣យកធ្វើជាកម្ម​សិទ្ធិផ្ទាល់ខ្លួន បានក្លាយជារោគមហារីកទៅហើយ ខណះក្រុមឈ្មួញនិងសមត្ថកិច្ចខិលខូចមួយចំនួន ប្រើល្បិចគ្រប់រូបភាព ទោះបីនាពេលកន្លងមកអាជ្ញាធរនិងមន្ត្រីជុំនាញធ្លាប់បើកយុទ្ធនាការបង្ក្រាប​និងចាប់បានត្រាក់ទ័រដែលកំពង់ធ្វើសកម្មភាពជាក់ស្ដែងជាច្រើនករណី ប៉ុន្តែគេសង្កេតឃើញ សមត្ថកិច្ចដែលជាមន្ត្រីនគបាលយុត្តិធម៍នាំត្រាក់ទ័រជា វត្ថុតាងជាក់ស្ដែង យកមករក្សាទុកនៅក្នុងបន្ទាយទាហ៊ានឬនៅក្នុងសាលាស្រុកបរិបូរណ៍តែត្រូវបានដោះលែងទៅវិញដោយស្ងាត់ៗផ្ទុយទៅហ្នឹងផ្លូវច្បាប់ស្ដីពីរដ្ឋបាលជលផលក្នុងមាត្រា៩៨បានចែងថា៖ កាប់ឆ្ការគាស់រានឈូសព្រៃលិចទឹក ឬហ៊ុំពទ្ធ័កាន់កាប់ដីព្រៃលិចទឹក ធ្វើទំនប់កាត់ឬលប់ទន្លេ ស្ទឹង ព្រែក អូរ បឹង ត្រពាំង ប្រឡាយ អាងទឹក និងអាងធម្មជាតិដែលអាចបង្កមហន្តរាយដល់ធនធានធម្មជាតិជលផលដោយគ្មានការសិក្សាបាយតម្លៃពីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ត្រូវផ្ដន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ដែលត្រូវដាក់ពន្ធនាគារពីបី(៣)ឆ្នាំទៅប្រាំ(៥)ឆ្នាំនិងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បតិរដ្ឋឬបំផ្លាញចោល។ ច្បាប់ស្ដីអំពីរដ្ឋបាលជលផលខាងលើនេះមិនត្រូវបានយកមកអនុវត្តិឱ្យមានប្រសិទ្ធិភាពម្ដងឡើយ ដោយគ្រាន់តែជ្រកក្រោមឡេសរង់ចាំការស្រាវជ្រាវបន្ថែមរួចដោះលែងឱ្យមានសេរីភាពវិញ។ប៉ុន្តែការបង្ក្រាបលើកនេះត្រាក់ទ័រត្រូវបានយកទៅរក្សាទុកនៅមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងម្តងវិញ មហាជនសង្ឃឹមថា នឹងមានការស្រាវជ្រាវ ត្រឹមត្រូវ ដើម្បីរកចាប់​ជនល្មើស និងអាចមាន អ្នកនៅ​ក្រោយ​ខ្នងពាក់ព័ន្ធក្នុង​សកម្មភាពខាង​លើនេះយកមកផ្តន្ទាទោសតាមច្បាប់៕ 

Leave a Reply

Your email address will not be published. Required fields are marked *